កម្មវិធីសប្បុរសធម៌ របស់សេវាបង្រៀនតាមផ្ទះខ្មែរអ៊ីហ្ស៊ី

កាលពីព្រឹកថ្ងៃ​ អាទិត្យ​ ទី១៦ ខែ ធ្នូ​ ឆ្នាំ ២០១៨ លោកគ្រូ គង់ សុខហេង ប្រធានសេវាបង្រៀនតាមផ្ទះខ្មែរអ៊ីហ្ស៊ីបានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  រួមនឹងសប្បុរសជនចុះទៅចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា​ហ៊ុនសែនទួលព្រេច ដែលស្ថិតនៅភូមិ ទួលព្រេច ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្ដាល។​ ក្នុងកម្មវិធីនោះមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាហ៊ុនសែនទួលព្រេច សរុបចំនួន២៤០នាក់។ សិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅសរសេរ ​ប៊ិក  ខ្មៅដៃ ជ័រលុប ប្រដាប់ខួង អាហារសម្រន់ រួមនឹងថវិកាមួយចំនួនផងដែរ។ នៅក្នុងកម្មវិធីនេះក៏មានការលេងល្បែងកម្សាន្តដើម្បីទទួលរង្វាន់ ព្រមទាំងមានការផ្ដល់រង្វាន់លើកទឹកចិត្តចំពោះសិស្សរៀនពូកែប្រចាំឆ្នាំ និងមានការផ្ដល់រង្វាន់លើកទឹកចិត្តចំពោះលោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្សយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងឱកាស​ដ៏វិសេសវិសាលនោះ លោកគ្រូ គង់ សុខហេង បានផ្ដល់ដំបូន្មានដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំសិក្សាដើម្បីអនាគតរបស់ពួកគាត់ក៏ដូចជាក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា ការចែករំលែកធនធានបន្តិចបន្តួចទៅដល់កុមារក្រីក្រគឺជាប្រពៃណីដ៏ល្អមួយរបស់ប្រជាជនកម្ពុជាដែលមាន តាំងពីយូរលង់ណាស់មកហើយ។ ពួកយើងចង់ស្នាមញញឹមនៃកុមារកម្ពុជា ជាពិសេសកុមារនៅតាមទីជនបទមានសម្ភារៈសិក្សា មានសម្លៀកបំពាក់ សមរម្យទៅសាលារៀនដូចៗគ្នា។

Share Button